ពួកអ្នកវិទ្យាសាស្ត្រព្រមានថា ថ្នាំពន្យារកំណើត នឹងអន់ប្រសិទ្ធិភាពជាងសម្រាប់ស្ត្រីមានទម្ងន់ខ្លួនធ្ងន់ ពិសេសគឺគ្មានប្រសិទ្ធិភាពចំពោះស្ត្រីមានទម្ងន់លើស ៨០ គីឡូក្រាម ។


ថ្នាំពន្យារកំណើតមួយចំនួន មានកំហិតទម្ងន់អ្នកប្រើប្រាស់ ។ ដូចជាក្រុមហ៊ុនឱសថ KRA ដែលជាក្រុមហ៊ុនផលិតថ្នាំពន្យារកំណើតបន្ទាន់១ប្រភេទ មានលក់លើទីផ្សារទូទាំងពិភពលោក បានទូន្មានថាផលិតផលរបស់គេ អាចនឹងគ្មានប្រសិទ្ធិភាព ចំពោះស្ត្រីមានទម្ងន់លើស ៨០ គីឡូក្រាម ។ KRA ក៏បានឲ្យដឹងថា ចំពោះស្ត្រីមានទម្ងន់លើស ៧៥ គីឡូក្រាម ពេលប្រើថ្នាំពន្យារកំណើតឈ្មោះ Norlevo របស់ក្រុមហ៊ុន គេអាចនឹងឃើញថាវាអន់ប្រសិទ្ធិភាពជាងធម្មតា ។ ក្រុមហ៊ុនឱសថនេះ គ្រោងនឹងឲ្យបោះពុម្ពបន្ថែមពាក្យព្រមាន ទៅក្នុងការណែនាំប្រើប្រាស់ផលិតផលរបស់គេ ចាប់ពីឆ្នាំក្រោយទៅ ។

 ថ្នាំពន្យារកំណើត Norlevo ផ្ទុកសារជាតិ Levonorgestrel ដែលជាអ័រម៉ូនចម្រុះមួយ ប្រើដើម្បីទប់ស្កាត់ការបង្កកំណើតរបស់ពង, ប្រសិនបើគេលេបវាក្នុងរង្វង់ ៧២ ម៉ោង ក្រោយរួមភេទមិនសុវត្ថិភាព ។ ការស្រាវជ្រាវមួយចំនួន បានបង្ហាញថា ថ្នាំពន្យារកំណើតបន្ទាន់ កាន់តែខ្សោយប្រសិទ្ធិភាព ចំពោះស្ត្រីធាត់ ហើយស្ត្រីទាំងនេះ មានលទ្ធភាពមានគភ៌ខ្ពស់ជាង ៤ ដង ប្រៀបនឹងអ្នកប្រើមានទម្ងន់ស្រាល ៕
 
Top