ធ្វើយ៉ាងណាដើម្បីបំបាត់ភាពគ្រើម និងស្ងួតនៅលើបាតដៃរបស់អ្នក?
ដៃរបស់អ្នកគឺជាផ្នែកមួយដ៏រវល់បំផុត នៃរាងកាយ ដែលត្រូវបានប្រើសម្រាប់បំពេញកិច្ចការងារជាច្រើនក្នុងមួយថ្ងៃៗ។ មនុស្សភាគច្រើនមិនបានយកចិត្ដទុកដាក់ក្នុងការថែរក្សាដៃរបស់ខ្លួនឱ្យបានត្រឹមត្រូវនោះទេ អញ្ចឹងហើយទើបដៃរបស់ពួកគាត់ប្រែទៅជាស្ងួត និងគ្រើម ប្រៀបបានទៅនឹងដៃរបស់មនុស្សចាស់អញ្ចឹង។ មានកត្ដាជាច្រើនដែលអាចបណ្ដាលឱ្យបាតដៃមានសភាពស្ងួតដូច្នេះ ដូចជា ខ្យល់អាកាសស្ងួត អាកាសធាតុត្រជាក់ សំណើមទាប ការប៉ះនឹងពន្លឺព្រះអាទិត្យ ការលាងដៃច្រើនដងពេក ត្រាំទឹកយូរពេក ប៉ះនឹងសារធាតុគីមី ហែលនៅក្នុងអាងទឹកមានជាតិក្ល័រ និងការប្រើប្រាស់សាប៊ូរដុំ។ កត្ដាមួយចំនួនទៀតដូចជាជំងឺផ្សិតលើស្បែក ជំងឺត្រអក សារធាតុនាំឱ្យមានប្រតិកម្ម ឬបញ្ហាវេជ្ជសាស្រ្ដមួយចំនួនក៏អាចបណ្ដាលឱ្យដៃស្ងួតផងដែរ។
១. ប្រេងអូលាវ៖ សារធាតុប្រឆាំងនឹងអុកស៊ីដកម្ម និងអាស៊ីដខ្លាញ់ល្អៗ នៅក្នុងប្រេងអូលាវគឺមានប្រសិទ្ធភាពសម្រាប់ព្យាបាលដៃស្ងួត។ វារក្សាឱ្យស្បែករបស់អ្នកទន់ និងមានសំណើម។ លើសពីនេះទៀត វាមានគុណប្រយោជន៍ជាច្រើន ដើម្បីប្រឆាំងនឹងភាពចាស់។
•ធ្វើការម៉ាស្សាដៃរបស់អ្នកជាមួយប្រេងអូលាវក្ដៅឧណ្ហៗឱ្យបានរយៈពេល ៥ ទៅ១០នាទី ពីរដងក្នុងមួយសប្ដាហ៍ ដើម្បីឱ្យដៃរបស់អ្នកមានសភាពទន់ឡើងវិញ។
•លាយប្រេងអូលាវ និងស្ករម៉ត់ក្នុងបរិមាណស្មើរគ្នា។ លុញល្បាយដែលធ្វើដោយដៃខ្លួនឯងនេះនៅលើបាតដៃរបស់អ្នកលក្ខណៈរង្វង់មូលស្រាលៗឱ្យបានរយៈពេល ពីរឬបីនាទី។ រង់ចាំឱ្យបាន៥នាទី បន្ទាប់មកលាងជម្រះវាដោយទឹកក្ដៅឧណ្ហៗ រួចជូតដៃឱ្យស្ងួត និងលាបក្រែមបន្ថែមសំណើម។ ប្រើវិធីធម្មជាតិនេះឱ្យបានពីរដងក្នុងមួយសប្ដាហ៍ដើម្បីបន្ទន់បាតដៃរបស់អ្នក។
២. ប្រេងដូង៖ ការរួមបន្សំគ្នានូវអាស៊ីដខ្លាញ់នៅក្នុងប្រេងដូង គឺមានលក្ខណៈល្អប្រសើរសម្រាប់ស្បែកស្ងួត រួមទាំងបាតដៃគ្រើមផងដែរ។ លើសពីនេះទៀត វាជួយព្យាបាលស្បែកខូចដោយសារកាំរស្មីនៃពន្លឺព្រះអាទិត្យ។
•លាបប្រេងដូងសុទ្ធទៅលើបាតដៃរបស់អ្នក
•ម៉ស្សាឱ្យបានរយៈពេលប្រហែល ៥នាទីតាមលក្ខណៈរង្វង់មូលមុនពេលចូលគេង
•ក្រោយពេលម៉ាស្សារួច ពាក់ស្រោមដៃដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់
•អនុវត្ដវិធីព្យាបាលបែបធម្មជាតិឱ្យបានរាល់ថ្ងៃ
ម្យ៉ាងទៀតអ្នកក៏អាចប្រើផ្លែបឺ គ្រាប់ទំពាំងបាយជូរ ប្រេងចូចូបា ឬប្រេងអាល់ម៉ិនដើម្បីម៉ាស្សាបាតដៃរបស់អ្នកផងដែរ។
៣. ទឹកឃ្មុំ៖ ទឹកឃ្មុំគឺជាឱសថបន្ថែមសំណើមបែបធម្មជាតិ ដែលមានផ្ទុកគុណសម្បត្ដិសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម និងគុណសម្បត្ដិប្រឆាំងនឹងមេរោគ ។ វាជួយឱ្យដៃរបស់អ្នកមានសំណើម ដើម្បីរក្សាវាឱ្យមានសភាពទន់។ លើសពីនេះទៀត វាក៏មានផ្ទុកនូវគុណសម្បត្ដិប្រឆាំងនឹងភាពចាស់សម្រាប់ស្បែករបស់អ្នកផងដែរ។
•លុញទឹកឃ្មុំបន្តិចនៅលើដៃរបស់អ្នកឱ្យសព្វ ហើយទុកវាឱ្យបានរយៈពេលប្រហែល ១០នាទី។ បន្ទាប់មកលាងជម្រះវាដោយទឹកក្ដៅឧណ្ហៗ។ អនុវត្ដដូច្នេះឱ្យបាន ១ ឬ២ដងរាល់ថ្ងៃដើម្បីឱ្យដៃរបស់អ្នកមានសភាពទន់។
•សម្រាប់ជម្រើសមួយទៀត សូមលាយទឹកឃ្មុំ ជាមួយនិងGlycerin ក្នុងបរិមាណស្មើគ្នា។ លាបវាទៅលើដៃរបស់អ្នក ហើយរង់ចាំឱ្យបាន១០នាទី បន្ទាប់មកលាងជម្រះវាដោយទឹកក្ដៅឧណ្ហៗ។ សូមអនុវត្ដដូច្នេះឱ្យបានរាល់ថ្ងៃ។
•ជម្រើសមួយទៀតគឺត្រូវបន្ថែមទឹកក្រូចឆ្មារ និងប្រេងអូលាវពីរ ឬបីដំណក់ ទៅក្នុងទឹកឃ្មុំប្រមាណពីរស្លាបព្រាកាហ្វេ។ លាបវាទៅលើដៃរបស់អ្នក ហើយទុកវាឱ្យស្ងួត បន្ទាប់មកលាងជម្រះវាជាមួយនិងទឹកក្ដៅឧណ្ហៗ។ ប្រើវិធីព្យាបាលបែបធម្មជាតិនេះឱ្យបានពីរ ឬបីដងក្នុងមួយសប្ដាហ៍៕
Post a Comment