នៅក្នុងលេខចេញផ្សាយទី៤និងទី៥ទស្សនាវដ្ដីសុខភាពយើង បានលើកយកមកបង្ហាញជូនរួចមកហើយ នៅលើទំព័រ សុខភាពបុរស អំពីការឆាប់ចេញទឹកកាម និងវិធីទប់ស្កាត់ការឆាប់ចេញទឹកកាម។ ដូចដែលបានសន្យាពីលើកមុនៗ លើកនេះសូម បង្ហាញជូនអំពីវិធីព្យាបាលការឆាប់ចេញទឹកកាមវិញម្ដង។ ការឆាប់ចេញទឹកកាម ជាបញ្ហាចំបងរបស់បុរស និងជាសំណួរឈាមមុខគេ របស់បុរសទៀតផង។ តែទោះជាបែបណាក៏ដោយ ក៏វាមានមូលហេតុបង្កណាមួយ របៀបទប់ស្កាត់ និងវិធីព្យាបាលយ៉ាងមានប្រសិទ្ធភាពផងដែរ។
បុរសមិនថាក្មេង មិនថាចាស់ឡើយ សុទ្ធតែធ្លាប់ជួបប្រទះបញ្ហាឆាប់ចេញទឹកកាមនេះក្នុងឆាកជីវិតរបស់ខ្លួន គ្រាន់តែមូល ហេតុខុសៗគ្នាតែប៉ុណ្ណោះ។ ដូចនេះ ប្រការសំខាន់ត្រូវរកឱ្យឃើញមូលហេតុ និងសាកល្បងគ្រប់វិធីទប់ស្កាត់ការឆាប់ចេញទឹកកាម នេះ។ ការព្យាបាលត្រូវផ្អែកទាំងស្រុងទៅលើមូលហេតុ និងប្រភេទនៃការឆាប់ចេញទឹកកាម។
ប្រភេទ និងមូលហេតុនៃការឆាប់ចេញទឹកកាម
នៅក្នុងវិស័យវេជ្ជសាស្ដ្រ គេបានបែងចែកការឆាប់ចេញទឹកកាមជា២ប្រភេទ គឺឆាប់ចេញទឹកកាមប្រភេទទី១ (ឆាប់ចេញទឹកកាមពេលរួមភេទលើកដំបូង)និងឆាប់ចេញទឹកកាមប្រភេទទី២ (ឆាប់ចេញទឹកកាមបន្ទាប់ពីជីវភាពរួមភេទធម្មតា)។
១- ឆាប់ចេញទឹកកាមប្រភេទទី១ ៖
ជាករណីកើតឡើងតាំងពីការរួមភេទលើកដំបូងស្ទើរតែគ្រប់ករណីច្រើនតែបណ្ដាលមកពីកត្ដាផ្លូវចិត្ដផ្លូវអារម្មណ៍។ តែក៏អាចមានកត្ដាផ្សេងៗទៀតផងដែរដែលបណ្ដាលឱ្យឆាប់ចេញទឹកកាមដូចជាការមានអារម្មណ៍ពុះកញ្ជ្រោលខ្លាំងហួសហេតុ ការខ្លាចរអារវាងដៃគូរួមភេទការចង់យកឈ្នះចាញ់ឬទំនាក់ទំនងរវាងដៃគូរួមភេទការអប់រំផ្លូវភេទវិបត្ដិផ្លូវចិត្ដជាដើម។ ចង់យល់លំអិតសូមអានអត្ថបទ“ឆាប់ចេញទឹកកាមក្នុងទស្សនាវដ្ដីសុខភាពយើងលេខ០០៤ខែឧសភា២០០៦។
២-ឆាប់ចេញទឹកកាមប្រភេទទី២ ៖
ជាករណីកើតមានឡើងបន្ទាប់ពីមានជីវភាពផ្លូវភេទធម្មតាស្ងៀមៗស្រាប់តែឆាប់ចេញទឹកកាម។បែបនេះជាករណីច្រើនតែបណ្ដាលមកពីហេតុផលផ្លូវកាយឬក៏អាចមកពីហេតុផលផ្លូវចិត្ដផ្លូវអារម្មណ៍ផងដែរ។សរុបមកការឆាប់ចេញទឹកកាមប្រភេទទី២បណ្ដាលមកពីមូលហេតុជាច្រើនដូចតទៅ÷
-ជម្ងឺរលាកបង្ហូរនោមឬជម្ងឺរលាកក្រពេញឬប្រូស្ដាត ៖ ព្រោះថាការរំខានដែលកើតចេញពីជម្ងឺទាំងនេះធ្វើឱ្យបុរសមិនស្រួលក្នុងចិត្ដនិងធ្វើឱ្យបុរសអាចខំបាញ់បញ្ចេញទឹកកាមបានដែរ។
- ការសេពគ្រឿងញៀន ៖ ការប្រើប្រាស់គ្រឿងញៀនមួយចំនួនដូចជាពួកកូកាអ៊ីនពួកអំហ្វេតាមីនជាដើមអាចជម្រុញដល់ការដាស់ឬភ្ញោចកាមារម្មណ៍និងប្រព័ន្ធប្រសាទដែលឈានដល់ការឆាប់ចេញទឹកកាមបានដែរ។
- វិបត្ដិការឡើងរឹងនៃលិង្គលិង្គងាប់ ៖ បុរសដែលមានការពិបាកក្នុងការរក្សាលិង្គឱ្យឡើងរឹងបានយូរគាត់តែងតែចង់ធ្វើការស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាសរបស់ស្ដ្រីឱ្យបានឆាប់ ប្រយោជន៍ខ្លាចលិង្គស្រកលែងរឹងវិញរហ័សពេក ទីបំផុតការឆាប់ចេញទឹកកាមកើតមានឡើង។
- វិបត្ដិផ្លូវចិត្ដ ឬការតានតឹងចិត្ដ ៖ ច្រើនតែកើតឡើងពេលស្ដ្រីជាដៃគូចូលចិត្ដនិយាយអំពីកម្លាំងផ្លូវភេទ និងរិះគន់ភាពអន់ ខ្សោយខាងផ្លូវភេទរបស់បុរសជាដៃគូថាអន់នេះអន់នោះ ខ្លួនចង់បាននេះចង់បាននោះ មិនបានដូចចិត្ដ។ ការចង់ឆាប់ដល់កំពូលនៃសេចក្ដីសុខផ្លូវភេទ និងវ័យខុសគ្នារវាងដៃគូរួមភេទទាំងពីរ(បុរសចាស់ស្ដ្រីក្មេងជាដើម) ក៏ជាដើមហេតុនៃការឆាប់ចេញទឹកកាមដែរ។
វិធីព្យាបាលការឆាប់ចេញទឹកកាម
១- ការព្យាបាលឆាប់ចេញទឹកកាមទាំងពីរប្រភេទ ដោយបញ្ហាផ្លូវចិត្ដផ្លូវអារម្មណ៍
ទោះជាករណីប្រភេទឆាប់ចេញទឹកកាមទី១ក្ដី ទី២ក្ដី ការព្យាបាលដែលធ្វើឡើងដោយគ្រូពេទ្យជំនាញខាងផ្លូវភេទអាច ទទួលបានប្រសិទ្ធភាព រហូតដល់ទៅ៩០%ឯណោះ។ ការព្យាបាលត្រូវមានលក្ខណៈជាខ្នាត ឬស្ដង់ដាត្រឹមត្រូវមួយ។ជាទូទៅសូមសាកល្បងប្រើប្រាស់វិធីទប់ស្កាត់ការឆាប់ចេញទឹកកាមតាមបែបធម្មជាតិសិន។ ក្រៅពីវិធីទប់ស្កាត់បែបធម្មជាតិ តាមរបៀបគ្រប់គ្រង ញ្ញាណដែលបានរៀបរាប់នៅក្នុងទស្សនាវដ្ដី សុខភាពយើង លេខ០០៥ ខែមិថុនា ២០០៦ មក នៅតែមិនមានប្រសិទ្ធភាព នោះមានវិធី ព្យាបាលទប់ស្កាត់ការឆាប់ចេញទឹកកាមបែបវេជ្ជសាស្ដ្រ ឬដោយ ប្រើប្រាស់ឱសថមួយចំនួន។
- ថ្នាំរម្ងាប់អារម្មណ៍ ៖ ថ្នាំជំពូកនេះអាចជួយទប់ស្កាត់ការឆាប់ចេញទឹកកាមក្នុងកម្រិតប្រសិទ្ធភាពតិចតួចតែប៉ុណ្ណោះ ដូចជា ប្រើប្រាស់ថ្នាំជម្ងឺសរសៃប្រសាទជាដើម ដើម្បីទទួលយកនូវឥទ្ធិពលទី២របស់ឱសថនេះ ជាពិសេសជាតិថ្នាំទីធ្យូរីដាស្ស៊ីន។ ប៉ុន្ដែសូម ប្រុងប្រយ័ត្ន ពីព្រោះឥទ្ធិពលចម្បងរបស់វាដែលធ្វើឱ្យងុយគេង មិនសូវស្រួលប្រើឡើយ ជាទូទៅវាប្រើសម្រាប់អ្នកដែលមានជម្ងឺសរ សៃប្រសាទ។ ដោយឡែក ថ្នាំប្រឆាំងជម្ងឺធ្លាក់ទឹកចិត្ដ ឬថប់អារម្មណ៍ ដែលប្រើសម្រាប់ប្រឆាំងនឹងជាតិសេរ៉ូតូនីន ក៏អាចប្រើប្រាស់ មានប្រសិទ្ធភាពខ្លះដែរ។
- ថ្នាំស្ពឹក ៖ តំបន់រ៉េផ្លិចភ្ញោចការចេញទឹកកាម ស្ថិតនៅក្បាលលិង្គ។ អ្នកជំនាញខាងផ្លូវភេទបានប្រើប្រាស់ថ្នាំស្ពឹកសម្រាប់ កាត់បន្ថយញ្ញាណ ឬភាពងាយទទួល ដូចជាថ្នាំលីដូកាអ៊ីនជាដើម។ ថ្នាំលីដូកាអ៊ីននេះ មានជាទឹក ឬជាស្ប្រាយបាញ់ អាចបង្កប្រតិកម្ម តបតនៅនឹងកន្លែង ឬភាពស្ពឹកស្រពន់កើតមាននៅលើស្ដ្រីជាដៃគូ។ ប្រសើរបំផុត សូមពាក់ស្រោមអនាម័យផង។
- ការចាក់ថ្នាំបញ្ចូលទៅក្នុងអង្គជាតិប្រហោងរូង ៖ វិធីនេះឃើញមានប្រើសម្រាប់ព្យាបាលការឆាប់ចេញទឹកកាមដែរ។ ប៉ុន្ដែជាទូទៅ វិធីនេះបង្កើតឡើងសម្រាប់ជួយដោះស្រាយបញ្ហាលិង្គងាប់។ ការឡើងរឹងនៃលិង្គនៅតែកើតមានដដែលនៅក្រោយពេល ចេញទឹកកាម បែបនេះអនុញ្ញាតឱ្យបន្ដសកម្មភាពផ្លូវភេទទៅទៀតបាន។ លើសពីនេះ វាអាចជួយកាត់ផ្ដាច់បាននូវក្របខ័ណ្ឌបរាជ័យ-បាក់ទឹកចិត្ដ-បរាជ័យ។ ប៉ុន្ដែមានការពិបាកណាស់ ដោយសារតម្រូវឱ្យចាក់ថាំបញ្ចូល ហើយថែមទាំងគួរឱ្យភ័យព្រឺព្រួចទៀតផង។
សូមបញ្ជាក់ថា ការព្យាបាលដោយថ្នាំអាចធ្វើទៅបានមែន ប៉ុន្ដែមិនមែនជាដំណោះស្រាយយូរអង្វែងនោះទេ វាគ្រាន់តែជាការព្យាបាលសម្រន់មួយរយៈប៉ុណ្ណោះ។ លើសពីនេះទៅទៀត ការឆាប់ចេញទឹកកាមអាចក្លាយជាករណីរ៉ាំរៃបានដែរ។ ដូច្នេះការព្យា បាលដោយឱសថមិនត្រូវចេះតែធ្វើឡើងនោះទេ ត្រូវព្យាបាលតាមមូលហេតុសិន ចុងក្រោយទើបប្រើវិធីព្យាបាលដោយឱសថនេះ។
២- ការព្យាបាលឆាប់ចេញទឹកកាមប្រភេទទី២
- ការព្យាបាលជម្ងឺរលាកបង្ហូរនោម ឬជម្ងឺរលាកប្រូស្ដាត ៖ ការព្យាបាលតម្រូវឱ្យប្រើថ្នាំអង់ទីប៊ីយ៉ូទិក ឬថ្នាំផ្សះ ដោយ លេបជាច្រើនថ្ងៃទៅតាមប្រភេទថ្នាំ និងតាមការសម្រេចរបស់វេជ្ជបណ្ឌិតព្យាបាល។
- បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ៖ បើលោកអ្នកជាអ្នកប្រើប្រាស់គ្រឿងញៀន គ្រាន់តែឈប់សេពគ្រឿងញៀន មាន ន័យថាលោកអ្នកអាចព្យាបាលការឆាប់ចេញទឹកកាមបានហើយ។
- ការព្យាបាលលិង្គងាប់ ៖ បើករណីឆាប់ចេញទឹកកាមបណ្ដាលមកពីលិង្គងាប់ ឬលិង្គឡើងរឹងមិនល្អ នោះគ្រូពេទ្យនឹង ចាប់ព្យាបាលលិង្គងាប់នេះ។ សព្វថ្ងៃនេះ មានវិធីព្យាបាលលិង្គងាប់ជាច្រើនយ៉ាង ដូចជាលេបថ្នាំស៊ីលដេណាហ្វី(វីយ៉ាក្រា) ចាក់ថ្នាំ បញ្ចូលទៅក្នុងអង្គជាតិជំនួយឱ្យលិង្គរឹង និងការធ្វើប្រូតែលិង្គ(ការដាក់វត្ថុអ្វីមួយទៅក្នុងលិង្គ)ជាដើម។