ត្រប់​ឆា​ស្ងួត​


  គ្រឿង​ផ្សំ​
-ត្រប់​វែង​ ២​ផ្លែ
-យីហ៊ឺ​ ១/៤​ពែង​
-បង្គា​ក្រៀម​ ២-៣​ស្លាបព្រាបាយ
-ដើម​ខ្ទឹម​ហាន់​ ២​ដើម​
-ម្ទេស​ដៃ​នាង​ យក​គ្រាប់​ចេញ​ ចិត​បន្ទះ​វែងៗ​ ១​ផ្លែ
-ម្ទេស​អាចម៍​ឆ្មា​គ្រាប់​ធំ​ ហាន់​ជា​ចំណិត​ (បើ​សិន​មិន​ចូល​ចិត្ត​ មិន​ដាក់​ក៏​បាន) ២​ផ្លែ
-ខ្ទឹម​ស​ហាន់​ធំៗ​ ១/២​ស្លាបព្រាបាយ​
-ប្រេង​​សម្រាប់​ឆា​ និង​ចៀន
-ទឹក​ស៊ីអ៊ីវ​​សម្រាប់​ផ្សំ​រសជាតិ
-ការ៉ុត​ ចិត​សម្រាប់​តុបតែង​
  • វិធី​ធ្វើ​
១- ត្រាំ​យីហ៊ឺ​ និង​បង្គា​ក្រៀម​ក្នុង​ទឹក​ រហូត​ដល់​ទន់​ យក​យីហ៊ឺ​មក​ចិញ្ច្រាំ​​ធំៗ​ល្មម​ ចំណែក​ឯ​បង្គា​ក្រៀម​​ដំ​ឲ្យ​សំប៉ែត​ល្មម​ ទុក​សិន។
២- ចិត​ត្រប់​វែង​ជា​ចំណិតៗ​ប្រវែង​៣.៥​ស.ម​ ចៀន​ក្នុង​ខ្លាញ់​ក្ដៅ​ រហូត​ដល់​ចាប់​​ផ្ដើម​ស្លោក​ស្វិត​ ដួស​ឡើង​​សម្រស់​ខ្លាញ់​​ទុក​សិន។
៣- ដាក់​ដាំ​ខ្ទះ​ ដាក់​ប្រេង​ឆា​ រហូត​ក្ដៅ​ ដាក់​​ខ្ទឹម​ស​ ម្ទេស​ដៃ​នាង​ ម្ទេស​​អាចម៍​សត្វ​ ដើម​ខ្ទឹម​ហាន់​ ចៀន​ឲ្យ​បាន​ក្លិន​ឈ្ងុយ​ សឹម​ដាក់​យីហ៊ឺ​ និង​បង្គា​ក្រៀម​ឆា​រួម​គ្នា​ (បើក​ភ្លើង​ល្មមៗ) ឲ្យ​យីហ៊ឺ​ឆ្អិន​ ដាក់​ត្រប់​វែង​ ដែល​ឆា​ទុក​ មក​ឆា​ជាមួយ​គ្នា​ ដាក់​ទឹក​ដែល​ត្រាំ​យីហ៊ឺ​​បន្តិច​ដាក់​ទឹក​ស៊ីអ៊ីវ​ ដំឡើង​ភ្លើង​ឲ្យ​ខ្លាំង​​បន្តិច​ ឆា​រហូត​ហួត​ទឹក​ មុន​នឹង​ដួស​ឡើង​ រួច​រោយ​ការ៉ុត​តុបតែង​ឲ្យ​ស្អាត៕

ស្លាប​មាន់​បំពង

                                   
*  គ្រឿង​ផ្សំ
ស្លាប​មាន់​ (យក​ត្រឹម​គល់​ស្លាប) ៦០០​ ក្រាម​ និង​ម្សៅ​សម្រាប់​បំពង​សាច់​ ៣​ ស្លាប​ព្រា​បាយ។
*គ្រឿង​ផ្សំ​ប្រឡាក់​សាច់

ទឹក​ស៊ីអ៊ីវ​ ម្សៅ​ឆា​ ទឹក​ខ្ញី​មួយ​មុខៗ​មួយ​ស្លាបព្រា​បាយ​ តៅហ៊ូ​ប្រៃ​ (កិន​ឲ្យ​ម៉ដ្ឋ​ លាយ​ទឹក​បន្តិច)​ ២​ស្លាបព្រា​បាយ​ ស្ករ​ ១​ ស្លាបព្រា​កាហ្វេ​ និង​ អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​ និង​ អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ។
*គ្រឿង​ផ្សំ​ទឹក​ជ្រលក់

ខ្ទឹម​ក្រហម​ក្រៀម​ និង​ ស្ករ​មួយ​មុខៗ​ ១​ ស្លាបព្រា​បាយ​ ខ្ទឹម​ស​ចិញ្ច្រាំ​ ១​ ស្លាប​ព្រា​កាហ្វេ​ ទឹក​តៅហ៊ូ​ប្រៃ​ ២​ ស្លាបព្រា​បាយ​ ទឹក​មួយ​ភាគ​បួន​កែវ​ ទឹក​ស៊ីអ៊ីវ​ និង​ ស៊ីអ៊ីវ​ខាប់​មួយ​មុខៗ​ កន្លះ​ស្លាបព្រា​កាហ្វេ​ និង​ ម្សៅស៊ុប​ខ្នរ​ ១​ ស្លាប​ព្រា​កាហ្វេ។

*វិធី​ធ្វើ

១-​ ស្លាប​មាន់​លាង​ទឹក​ឲ្យ​ស្អាត​ និង​ សម្រក់​ទឹក​ឲ្យ​ស្ងួត​ ទើប​យក​ទៅ​ច្របល់​ជាមួយ​គ្រឿង​សម្រាប់​ប្រឡាក់​សាច់​ ដោយ​ផ្អាប់​ទុក​មួយ​ម៉ោង​ទុក​ប្រើ​ការ។
២-​ ប្រើ​ម្សៅ​សម្រាប់​បំពង​សាច់​ ប៉ាត​ជុំវិញ​ដុំ​ស្លាប​មាន់​ និង​ ដាក់​បំពង​រហូត​ឆ្អិន​ពណ៌​ក្រហម​ទើប​ស្រង់​ដាក់​ចាន។
៣-​ ដាក់​ខ្លាញ់​មួយ​ស្លាប​ព្រា​បាយ​ រង់ចាំ​ខ្លាញ់​ក្ដៅ​ហុយ​ផ្សែង​ ទើប​ដាក់​ខ្ទឹម​ក្រហម​ក្រៀម​ទឹក​តៅហ៊ូ​ប្រៃ​ និង​ ខ្ទឹម​ស​ចិញ្ច្រាំ​ចូល​បំពង​យក​ក្លិន​ឈ្ងុយ។​ បន្ទាប់​មក​ចាក់​គ្រឿង​ផ្សំ​ទឹក​ជ្រលក់​ដែល​នៅ​សេសសល់​ចូល​រម្ងាស់​ទាល់​តែ​ ពុះ​ ទើប​ដួស​ចាន​ផ្សេង​មួយ​ទៀត​សម្រាប់​ជ្រលក់​ស្លាប​មាន់​បំពង៕

ឆាឆ្អឹងជំនីរបំពងម្នាស់

    -បរិមាណមនុស្សទទួលទាន ៖ ២នាក់
-រយៈពេលរៀបចំគ្រឿងផ្សំ ៖ ១០នាទី
-រយៈពេលចម្អិន ៖ ១៥នាទី
គ្រឿងផ្សំ
-ឆ្អឹងជំនីរជ្រូក ៣០០ក្រាម​(​៣ខាំ)
-ម្នាស់ ១ចំហៀង
-ខ្ទឹមស ៥០ក្រាម
-ទឹកត្រី ១០មីលីលីត្រ
-អំបិល កន្លះស្លាបព្រាកាហ្វេ
-ស្ករស ១ស្លាបព្រាកាហ្វេ
-ប៊ីចេង ១ស្លាបព្រាកាហ្វេ
-ស្លឹកខ្ទឹម ២មើម
-ខ្លាញ់ ៥០ក្រាម -ឆ្អឹង​ជំនីរ​ជ្រូក​ត្រូវលាង​ឱ្យស្អាត កាប់​តូចៗ​ល្មម
-
ម្នាស់​ត្រូវលាង​ទឹក​ឱ្យស្អាត​ពុះជា​ពីរ ចិត​ជាចំណិត​បញ្ឆិត​មិន​ស្ដើងពេក និង​មិនក្រាស់​ពេក
-
ស្លឹក​ខ្ទឹម​ត្រូវលាង​ឱ្យស្អាត រួចហាន់​ខ្លីល្មម
-
ខ្ទឹមស​ត្រូវបក​សម្បក​ចេញ​លាង​ទឹក​ឱ្យ​ស្អាត ហើយ​ចិញ្ច្រាំ​កុំឱ្យ​ម៉ដ្ឋ​ពេក
របៀបរៀបចំគ្រឿងផ្សំ របៀបធ្វើ ដំបូង​ត្រូវដាក់​ខ្ទះឱ្យ​ក្ដៅ ហើយ​ដាក់​ខ្លាញ់​ចូលទុក​ឱ្យក្ដៅ​ដាក់ខ្ទឹម​ស​ចូលទុក​ឱ្យក្រហម​ប្រឿងៗ បន្ទាប់​មក​ដាក់​ឆ្អឹង​ជំនីរ​ជ្រូក បំពង​ឱ្យ​ក្រហម ទើ​បដាក់​ម្នាស់​ចូល​ជាមួយ​ទឹកត្រី ស្ករស ប៊ីចេង អំបិល លៃ​ឱ្យសម​ល្មម ទុក​មួយ​សន្ទុះ រួច​ដួសដាក់​ចាន​ហើយ​ត្រូវ ដាក់​ស្លឹកខ្ទឹម​រោយ​ពីលើ​ជាការ​ស្រេច។
បញ្ជាក់
៖ ម្ហូបនេះ​អាចទទួលទាន​បានជា​មួយ​បាយស។

ឆាក្ដៅ​អន្ទង់

















  -បរិមាណ​មនុស្ស​ទទួលទាន ២នាក់
-រយៈពេល​ចម្អិន ៥នាទី
-រយៈពេល​រៀបចំ​គ្រឿងផ្សំ ១៥នាទី
គ្រឿង​ផ្សំ
-អន្ទង់ ៣ខាំ
-ខ្ទឹមស ១មើម
-ស្លឹកក្រូច​សើច ១សន្លឹក
-ខ្ជាយ ១ចំណិត
-រំដេង ១​ចំណិត
-គល់​ស្លឹកគ្រៃ ២គល់
-ម្ទេស ១​គ្រាប់
-ប៊ីចេង កន្លះ​ស្លាបព្រា​កាហ្វេ
-ទឹកត្រី កន្លះ​ស្លាបព្រា​បបរ
-ខ្លាញ់ ២​ស្លាបព្រា​បបរ
-ស្ករ កន្លះ​ស្លាបព្រា​កាហ្វេ
-ម្រះ​ព្រៅ ទៅតាម​ការ​ចូលចិត្ដ
-សណ្ដែកដី​ឆ្អិន ១​ស្លាបព្រា​បាយ។
របៀប​រៀបចំ​គ្រឿង​ផ្សំ
-សូមយក​អន្ទង់​មកលាង​ជាមួយ​ទឹកអំបិល​ឱ្យអស់​ក្អែលខ្មៅៗ​ឱ្យស្អាត បន្ទាប់មក​ត្រូវ​វះយក​ពោះចេញ ហើយ​កាត់ជា​កង់ៗ​ល្មម។ បន្ទាប់មក​ត្រូវយក​ទៅបំពង​ជាមួយ​នឹងខ្លាញ់​ឱ្យឆ្អិន​ល្មម មិនត្រូវ​ឱ្យបែក​សាច់​អន្ទង់​នោះទេ បន្ទាប់មក​ត្រូវដួស​ទុកដោយ​ឡែក។
-ខ្ទឹមស​ចែកជា​ពីយក​ទៅចិញ្ច្រាំ​កុំឱ្យ​ម៉ដ្ដ​ពេកមួយ​ចំហៀង និងយក​ទៅបុក​ជាមួយ​គ្រឿងមួយ​ចំហៀង
-ម្ទេសហាន់​ជាចំណិត​វែងៗ
-សណ្ដែកដី​យកទៅ​បុកកុំ​ឱ្យម៉ដ្ដ​ពេក
-ម្រះព្រៅ​បេះយក​តែស្លឹក​ហើយ​យកទៅ​លាងទឹក​ឱ្យស្អាត
-ស្លឹកក្រូច​សើច រំដេង ខ្ជាយ គល់​ស្លឹកគ្រៃ​លាងទឹក​ឱ្យស្អាត​យកទៅ​ហាន់​ស្ដើងៗ ហើយ​បុកចូលគ្នា​ឱ្យម៉ដ្ដ បន្ទាប់មក​ដាក់ខ្ទឹមស​ចូល​ហើយ​បុក​ចូលគ្នា​ឱ្យម៉ដ្ដ​ម្ដងទៀត។
របៀប​ធ្វើ
ជាដំបូង​ដាក់ខ្ទះ​ឱ្យក្ដៅ​ហើយ​ដាក់ខ្លាញ់​ឱ្យក្ដៅ បន្ទាប់មក​ដាក់ខ្ទឹមស​ដែល​ចិញ្ច្រាំ និង​ម្ទេសចូល​ឆាឱ្យ​ឡើងជើង​អង្ក្រង​ល្មម បន្ទាប់មក​ដាក់គ្រឿង​បុកចូល​ឆាឱ្យ​ឈ្ងុយ ហើយ​ដាក់​អន្ទង់ចូល។ បន្ទាប់មក​ត្រូវដាក់​ស្ករស ទឹកត្រី និង​ប៊ីចេង​រួចភ្លក់​មើលទើប​ដាក់ សណ្ដែកដី​រួមទាំង​ម្រះព្រៅ​ចូល រួចដួស​ដាក់ចាន​ជាការ​ស្រេច។
បញ្ជាក់ ៖ ម្ហូបនេះ​អាច​ទទួលទាន​បាន​ជាមួយ​បាយស ឬអាច​ធ្វើជា​គ្រឿង​ក្លែម​ក៏បាន។

​ទឹកក្រឡុក​ចេកអំបូង​ -​ ម្នាស់​

 
គ្រឿងផ្សំ៖ ម្នាស់ ចេក ទឹកឃ្មុំ ទឹកកក
១-​ ចេកអំបូង​ទុំ​ ១​ផ្លែ​,​ ទឹក​ម្នាស់​ កន្លះ​ពែង​ ,​ ទឹកឃ្មុំ​ ១​ស្លាបព្រា​បាយ​,​ ទឹកកក​ឈូស​ កន្លះ​ពែង​ ,​ ជី​អង្កាម​សម្រាប់​តុបតែង​លម្អ​
២-​ ហាន់​ចេកអំបូង​ ជា​ចំណិត​តូចៗ​
៣-​ ដាក់​ចេកអំបូង​ ក្នុង​ថូ​ម៉ាស៊ីន​ក្រឡុក​ រួច​ដាក់​ទឹក​ម្នាស់​ ទឹកឃ្មុំ​ និង​ទឹកកក​ឈូស​ចូល​ (​ឬ​ដា​ក៉​ទឹកកក​ឈូស​ ពេល​ក្រឡុក​ហើយ​ ចាក់​ដាក់​កែវ​ទទួលទាន​ក៏​បាន​ )
៤-​ ចាក់​ដាក់​កែវ​ រួច​តុបតែង​លម្អ​ ដោយ​ជីរអង្កាម​
​គុណ​ប្រ​យោ​ជ​ន៌​ផ្នែក​អាហារ​
​ចេកអំបូង​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ អាហារ​សំខាន់ៗ​ ដូច​ជា​ថាមពល​ កាឡូរី​ ការ​បូ​អ៊ី​ដ្រា​ត​ ប្រូតេអ៊ីន​ ខ្លាញ់​ កាក​សរសៃ​អាហារ​ ។​
​គុណប្រយោជន៍​ផ្នែក​ឱសថ​
​ផ្លែ​ចេក​ មាន​សព្វ​ព្យាបាល​អាការ​ខុស​ប្រក្រតី​របស់​រាង​កាយ​ ដូច​ជាស​មា​ធ​ឈាម​ឡើង​ខ្ពស់​ (​លើសឈាម​)​ កម្ចាត់​ជាតិពុល​ ក្នុង​រាង​កាយ​ ជួយ​អោយ​សួត​ស្រស់ថ្លា​និង​បំបាត់​ការ​ស្រេកទឹក​ ៕​

មីឆា​ពង​ទា​ សាច់ក្រក​


គ្រឿងផ្សំ៖ សាច់ក្រក ការ៉ុត ខាត់ណា ប្រេងឆា ទឹកស៊ីអ៊ីវ ពងទា មី
១-​ មី​កញ្ចប់​ ១​កញ្ចប់​ ,​ ស៊ុតមាន់​ឬ​ទា​ ១​គ្រាប់​ ,​ ប្រេងឆា​ ១​ស្លាបព្រា​បាយ​ ,​ ដើម​ខាត់ណា​ ហាន់​បញ្ឆិតៗ​ ២​ដើម​,​ ការ៉ុត​ហាន់​ស្តើង​វែងៗ​ ១/៤​ពែង​ ,​ សាច់ក្រក​ហាន់​បញ្ឆិតៗ​ ២​ដុំ​ ,​ ទឹកម្ទេស​ ១​ស្លាបព្រា​បាយ​,​ ទឹកស៊ីអ៊ីវ​ ១/២​ស្លាបព្រា​បាយ​
២-​ ស្រុស​មី​អោយ​ឆ្អិន​ ស្រង់​ឡើង​អោយ​ស្រស់ទឹក​
៣-​ គោះ​ស៊ុតមាន់​ឬ​ទា​ ដាក់​ចាន​ផ្សំ​ទឹកស៊ីអ៊ីវ​ ទឹកម្ទេស​ វាយ​អោយ​ចូល​គ្នា​អោយ​សព្វ​
៤-​ ដាក់​ដើម​ខាត់ណា​ ការ៉ុត​ សាច់ក្រក​ រួច​ដាក់​មី​ចូល​ទៅ​ កូរ​ចូល​គ្នា​អោយ​សព្វ​ម្តងទៀត​
៥-​ ដាក់​ខ្ទះ​លើ​ភ្លើង​ ចាក់​ប្រេងឆា​ចូល​អោយ​ក្តៅ​ ឆា​អោយ​លឿង​ទាំង​សងខាង​ ដួស​ឡើង​ រោយ​ម្រេច​ រោយ​ជី​វ៉ាន់ស៊ុយ​ (​បើ​ចូល​ចិត្ត​)​ទទួលទាន​ទាន់​ក្តៅៗ​ ៕

ភ្លៅមាន់បំពងល្ងស


គ្រឿងផ្សំ៖ មាន់ ខ្ញី អំបិល ពងមាន់ ម្រេច ស្រា ពងទា
១- ពងមាន់ ឬពងទា(គោះយកតែពងស) ,ភ្លៅមាន់២ភ្លៅ និងល្ងស ១ពែង, ខ្ញី១ដុំតូច និងស្រា ១ស្លាបព្រាកាហ្វេ, ម្រេចម៉ដ្ឋ ១/៤ស្លាបព្រាកាហ្វេ និងអំបិល​ ១/២ស្លាបព្រាកាហ្វេ, ម្សៅស៊ុប ១/២ស្លាបព្រាកាហ្វេ និងម្សៅឆា ៣ស្លាបព្រាបាយ
២- ភ្លៅមាន់ត្រូវភ្លឿយយកឆ្អឹងចេញ ហើយភ្លៅមាន់នីមួយៗ ត្រូវកាប់ជា ៤ដុំ ខ្ញីត្រូវហាន់ជាបន្ទះស្តើងៗ
៣- ដុំភ្លៅមាន់ត្រូវចាក់ចូលចាន ដោយលាយជាមួយនិងខ្ញី , ស្រា, អំបិល ,ម្សៅស៊ុប, ម្រេចម៉ដ្ឋ និងម្សៅឆា ដោយច្របល់ប្រឡាក់អោយចូលជាតិ និងផ្អាប់ទុក កន្លះម៉ោង ទើបស្រង់ខ្ញីចេញ
៤- ដុំភ្លៅមាន់ដែលប្រឡាក់គ្រឿងចូលហើយ ត្រូវផ្តិតនឹងទឹកពងមាន់​ ឬទា​ ស បន្ទាប់មកត្រូវរោយល្ងសពីលើ អោយសព្វសាច់
៥- ចាក់ខ្លាញ់ ឬប្រេងឆាក្នុងខ្ទះ (បរិមាណគឺត្រូវប៉ាន់ស្មាន ពេលបំពងត្រូវអោយលិចសាច់) រង់ចាំខ្លាញ់ក្តៅហ៊ុយផ្សែង រួចចាក់ដុំភ្លៅមាន់ចូល ទៅបំពងរហូតទាល់តែឆ្អិនឡើងពណ៌ពងកន្លាត ទើបស្រង់ចេញ
ចំណាំ : ប្រសិនបើភ្លៅមាន់ធំពេក ដែលមិនងាយនឹងឆ្អិនល្អនោះ គេអាចបំពងវាត្រឹងតែឆ្អិនប្រហែលជា ៦០% ទើបស្រង់ចេញ ហើយពេលវាត្រជាក់ទើបដាក់បំពងសាជាថ្មី ម្តងទៀត ឬក៏អាចបិទភ្លើងចោល ដោយរង់ចាំខ្លាញ់ឬប្រេងឆាចុះកំដៅ ទើបបើកភ្លើងចង្រ្កានសាជាថ្មី​។

​បំពង​អាហារ​មិន​អោយ​បៀម​ខ្លាញ់


អាហារ​ដែល​ត្រូវ​ប្រើ​ប្រេង​ចៀន ឬ​បំពង មិន​ថា​ជា​ចាខ្វៃ នំ​ច្រមុះ​ជ្រូក ស៊ុត​ចៀន សាច់​មាន់​ចៀន។ល។ នឹង​បាត់​បង់​រស​ជាតិ​ឆ្ងាញ់ ប្រសិន​បើ​ពេល​ទទួល​ទាន​វា​ហើយ​មាន​អារម្មណ៍​ថា វា​បៀម​ខ្លាញ់​រហូត​ធ្វើ​អោយ​ទ្រលាន់។ ប៉ុន្តែ​យើង​មាន​តិច​និច​ល្អ​ដែល​ជួយ​ធ្វើ​អោយ​អាហារ​របស់​អ្នក​មិន​បៀម​ ប្រេង​ឡើយ ដោយ​គ្រាន់​តែ​ដាក់​ទឹក​ខ្មេះ​ចូល​ក្នុង​ប្រេង​ដែល​បំពង (បន្តិចបន្តួច) រួច​បំពង​តាម​ធម្មតា នោះ​អ្នក​នឹង​លែង​ឆ្អើម​និង​អាហារ​ទាំង​នោះ​ទៀត​ហើយ៕

វិធីធ្វើម្ហូប៖ ស៊ុបក្តាម


គ្រឿងផ្សំ :
-ប្រេងរុក្ខជាតិ ២ស្លាបព្រា
-ម្សៅការី ២ស្លាបព្រា
-ខ្ញីស្រស់ចិញ្ច្រាំម៉ត់ ២ស្លាបព្រា
-ខ្ទឹមក្រហម ៣មើម ចិញ្ច្រាំម៉ត់
-ល្ពៅក្រហម៨០០ក្រាម កាត់ដុំតូចៗ
-ប៉េងប៉ោះ ២ផ្លែ (ចោលសម្បកនិងគ្រាប់រួចចិញ្រ្ចាំម៉ត់)
-ទឹកស្ងោមាន់ ៧៥០ម.ល
-ទឹកខ្ទឹះដូង ២៧០ម.ល
-ទឹកត្រី ១ទៅ២ស្លាបព្រាកាហ្វេ
-ទឹកក្រូចឆ្មា ២ស្លាបព្រាស៊ុប
-សាច់ក្ដាម កន្លះចាន(អាចប្រើសាច់បង្កង)
-ម្ទេសដៃនាង ២ផ្លែ ហាន់ស្ដើង
-ជីវ៉ានស៊ុយ ២ ទៅ៣ធាង
-ខ្ទឹមលីង ២ស្លាបព្រា


វិធីធ្វើ
កំដៅប្រេងឆា រួចចាក់ម្សៅការីចូល ឆាឱ្យឡើងឈ្ងុយ។ ចាក់ខ្ញីស្រស់ និង ខ្ទឹមក្រហមចូល
ឆាស្មើដៃ ដើម្បីឱ្យចូលជាតិ បានល្អ។
ក្រោយមក ចាក់ល្ពៅនិងប៉េងប៉ោះចូល ចាក់ទឹកស្ងោមាន់ចូលនឹងកំដៅឱ្យពុះ។ បន្ថយភ្លើង
បន្តិច រហូតដល់ល្ពៅផុយ។ យកគ្រឿង ដែលបានចម្អិននេះ ទៅកិនឱ្យម៉ត់ រួចចាក់ចូល
ក្នុងឆ្នាំងផ្សេង។
បន្ទាប់មក កំដៅគ្រឿងផ្សំ ដែលបានកិនរួចនេះ ដោយភ្លើងតិចៗ ចាក់ទឹកខ្ទឹះដូង និង ទឹក
សុទ្ធចូល កូរស្មើឱ្យសព្វ រហូតដល់ស៊ុបនេះ សព្វ និង ចូលជាតិ បានល្អ។ ថែមទឹកត្រី និង
ទឹកក្រូចឆ្មា ចូល។ រួចដួសស៊ុបនេះចេញ ហើយត្រូវដាក់សាច់ក្ដាម ម្ទេស២ ទៅ៣ ចំណិត
ស្លឹកជីវ៉ានស៊ុយ និងខ្ទឹមលីងចូល ជាការស្រេច៕
 
Top